ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបញ្ចុះបឋមសិលាជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត
Tue,28 June 2022 (Time 09:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 359នាក់)

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត សារី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ, អភិបាលរងខេត្ត, មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, អភិបាលក្រុងប៉ោយប៉ែត ព្រមទាំង លោកជំទាវ អ៊ុករីរ៉ាត់ ចំរើនតូ អគ្គនាយិកាអង្គការ TICA ព្រះរាជាណាចក្រថៃ, ឯកឧត្តម បរិញ្ញា ពិធិសាត់ អភិបាលខេត្តស្រះកែវ។

ហេដ្ឋារចនាសម្ព័ន្ធនេះ ជាជំនួយឥតសំណងដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ (TICA:Thailand International Cooperation Agency ) និងសម្របសម្រួលដោយអាជ្ញាធរដែនដី ក្រសួងការបរទេស ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត។

គណៈប្រតិភូកម្ពុជា និងថៃ បានទទួលបដិសណ្ឋារកិច្ចគ្នាដ៏រស្និតស្នាល កក់ក្តៅ ក្នុងនាមជាបងប្អូនជិតខាងល្អ ហើយបានអញ្ជើញធ្វើកិច្ចផ្សេងៗខាងជំនឿពុទ្ធសាសនា កិច្ចខាងបច្ចេកទេស និងបញ្ចុះបឋមសិលាជានិមិត្តរូប នៃការចាប់ផ្តើមសាងសង់។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ, លោកស្រី អ៊ូរារ៉ាត់ ចារ៉ើនតូ( Ureerat Chareontoh ) អគ្គនាយិកាទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ (TICA:) និងលោក ប្រាប៉ាត ភូកឌួង( Prapart Phookduang ) នាយកមន្ទីរសុខាភិបាលសាធារណៈខេត្តស្រះកែវ បានថ្លែងថា កន្លងមកចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងមន្ទីរសុខាភិបាលខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យមាន លើការប្រយុទ្ធបង្ការជំងឺឆ្លងតាមបណ្តោយព្រំដែន, ការជួយបណ្តុះបណ្តាលជំនាញបុគ្គលិកសុខាភិបាល, ការធ្វើទស្សនកិច្ច ប្រជុំផ្សេងៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍, ការសម្របសម្រួលប្រព័ន្ធបញ្ជូនជំងឺឆ្លងកាត់ព្រំដែន, ការជួយផ្តល់នូវសម្ភារៈបរិធាន រួមមាន៖ ឧបករណ៍ជំនួយផ្លូវដង្ហើម ឧបករណ៍តាមដានសញ្ញាជីវិត ម៉ាស៊ីនវាស់ចង្វាក់បេះដូង ECG ការផ្តល់នូវម៉ាស៊ីនPCR សម្រាប់វិភាគរកវីរុសកូវីដ១៩ និងប្រតិករ ការផ្តល់រថយន្តគិលានសង្គ្រោះ ១គ្រឿង (ដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី)។

លោក បន្ដថា ដោយឡែកការជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជាផ្នែកមួយនៃគម្រោងរបស់ TICA នេះទៀត។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនបញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវ បានថ្លែងថា TICA និងដោយឡែកខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ មិនត្រឹមតែសហប្រតិបត្តិការលើវិស័យសុខាភិបាលប៉ុណ្ណោះទេ តែខេត្តសម្ព័ន្ធមេត្រីភាពទាំង២ តែងធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ប្រទេស ខេត្ត និងប្រជាជនទាំង២។

លើសពីនេះ ភាគីទាំងពីរ ក៏បានជូនពរ និងថ្លែងអំណរគុណគ្នា ហើយសង្ឃឹមថា ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរក្សាបានគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា-ថៃ ដែលពង្រីកពង្រឹងតំបន់ព្រំដែនជាព្រំដែនមិត្តភាព សន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការល្អ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

វីដែអូ