ថ្ងៃច័ន្ទ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់
Wed,30 March 2022 (Time 09:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។
កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៥ រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត, ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនថ្នាក់ដឹកនាំ និងមន្ត្រីសម្រាប់ខែតុលា វិច្ឆិកា ធ្នូ ឆ្នាំ២០២១, ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តពោធិ៍សាត់, ៤-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង៥-បញ្ហាផ្សេងៗ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជាយ តាយ បានលើកឡើងថា គណៈអភិបាលខេត្ត ត្រូវបានគ្រប់គ្រង និងដឹកនាំដោយអភិបាលខេត្ត១រូប និងអភិបាលរង៦រូប ជាជំនួយការ។ នាពេលថ្មីៗកន្លងមកនេះ ខេត្តពោធិ៍សាត់មានការផ្លាស់ប្តូរអភិបាលរងខេត្ត ចំនួន៣រូប គឺ៣រូបចេញ និង៣រូបចូលមកវិញ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ អភិបាលរងខេត្តត្រូវបំពេញមុខងារ និងទទួលខុសត្រូវស្រប ទៅតាមលំដាប់ឋានានុក្រម និងទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត លើភារកិច្ចនានា ដែលបានប្រគល់ជូន។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ទទួលបន្ទុកដឹកនាំរួមលើការងាររដ្ឋបាលទូទៅ។ លោក ចេង ឡៃ អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីររៀបចំដែនដីខេត្ត មន្ទីរកសិកម្មខេត្ត មន្ទីរការងារខេត្ត មន្ទីរមុខងារខេត្ត មន្ទីរប្រៃសណីយ៍ខេត្ត និងមន្ទីរព័ត៌មានខេត្ត។ លោក សាយ សុជាតិ អភិបាលរងខេត្ត ទទួលបន្ទុកស្ថាប័នតុលាការខេត្ត ពន្ធនាគារ មន្ទីរទំនាក់ទំនងខេត្ត អង្គភាពគយ មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន។ លោក គិត សុផា អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរសេដ្ឋកិច្ច រតនាគារ ពន្ធដារ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពច្រកចេញចូលតែមួយ និងកិច្ចការសិទ្ធិមនុស្ស។ លោក លឹម សុខតូ អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរអប់រំ ទឹកស្អាត គ្រប់គ្រងគ្រោះមហន្តរាយ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរអភិវឌ្ឍន៍ជនបទ​ មន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរធនធានទឹក និងកិច្ចការព្រំដែន។ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការនារីខេត្ត មន្ទីរវប្បធម៌ មន្ទីរធម្មការ និងមន្ទីរសង្គមកិច្ច។
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បូកសរុប ដោយបានសម្តែងនូវការគាំទ្រ ចំពោះលោក លោកស្រី អភិបាលរងទើបមកទទួលមុខតំណែងថ្មី និងទទួលបន្ទុកទៅតាមមន្ទីរអង្គភាពនីមួយៗ ដោយអនុក្រឹត្ររបស់រាជរដ្ឋាភិបាល និងសូមឱ្យធ្វើកិច្ចសហប្រតិបត្តិការល្អ រវាងនីតិបញ្ញតិ និងនីតិប្រតិបត្ត ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។
ជាមួយគ្នានេះ ត្រូវបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាគន្លឹះសម្រាប់ធានា ដល់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យប្រកប​ដោយចេរភាព។ ចំពោះស្រុកជាប់នឹងបឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន មន្ទីរកសិកម្ម មន្ទីរធនធានទឹក និងមន្ទីរបរិស្ថាន ព្រមទាំងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពង្រឹង និងរឹតបន្តឹង ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ទៅតាមអនុសាសន៍របស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ និងសូមធ្វើអំពើល្អ សាមគ្គីភាពខ្ពស់ និងដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ជូនប្រជាជនឱ្យបានទាន់ពេលវេលា មានប្រសិទ្ធិភាព និងតម្លាភាព៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

វីដែអូ