នាព្រឹកថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការរៀបចំការប្រឡងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តស្វាយរៀង ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀង។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត តំណាងនាយកដ្ឋានជំនាញមកពីក្រសួងមហាផ្ទៃ លោកនាយរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសាដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡងផងដែរ។ សូមបញ្ជាក់ជូនផងដែរថា វិញ្ញាសាប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីក្រមការរយៈពេលមួយព្រឹកនេះ រួមមាន៖ ជំនាញឯកទេស និងភាសាអង់គ្លេស៕ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
វីដែអូ