ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមប្រតិបត្តិសាខា រួមជាមួយលោកសេង សុខកែម ប្រធានអនុសាខាស្រុក
Wed,24 November 2021 (Time 11:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 196នាក់)

នៅព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមប្រតិបត្តិសាខា រួមជាមួយលោកសេង សុខកែម ប្រធានអនុសាខាស្រុក និងក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ សហការជាមួយ រដ្ឋបាលមូលដ្ឋាន បាននាំយក សម្ភារ និងបច្ច័យ មួយចំនួន ចូលរួមបុណ្យសពយុវតី ឈ្មោះ ឌឹម អេងជូ ភេទស្រី អាយុ ១៦ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី ១២ វិទ្យាល័យ ហ៊ុនសែន ចំការលើ ដែលបានស្លាប់ ដោយការរំលោភសម្លាប់ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៥ល្ងាច ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពេលដែលយុវតីរងគ្រោះត្រឡប់ពីសាលា រៀនម៉ោងបន្ថែមត្រៀមប្រឡងបាក់ឌុប វិលទៅផ្ទះវិញជាអកុសលនៅពាក់កណ្តាលផ្លូវស្ងាត់ម្តុំចំការពោត ជាប់ព្រៃកៅស៊ូក៏ត្រូវជនល្មើសដៃដល់ ឈ្មោះ ម៉ាប់ កំសត់ ហៅ លន អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ចាប់រំលោភទាំងកម្រោល ហើយវាយសម្លាប់យ៉ាងព្រៃផ្សៃ ។ សូមបញ្ជាក់ថា យុវតី ឌឹម អេងជូ ជាកូនកំព្រាឪពុករស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី ៧ ខណៈ ដែលម្តាយទៅធ្វើការនៅប្រទេសថៃបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ ។
លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់កូន ចៅ បងស្រីជាទីស្រឡាញ់ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេងប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយស្របតាម ទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បានលើកទឹកចិត្តដល់គ្រួសារសព ឲ្យតាំងចិត្តទប់អារម្មណ៍ ហើយខិតខំថែទាំសុខភាព ឱ្យបានល្អ ពិសេសក្នុងរដូវរងានេះ ត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី និង អនុវត្តអោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល " ៣ការពារ ៣កុំ និង ២ចូលរួម " ដើម្បីទប់ស្កាត់ កុំអោយឆ្លងនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។
សម្ភារដែលបានចូលបុណ្យដល់គ្រួសារសព រួមមាន៖ អង្ករ ៥០គក្រ , មី ២កេស, ត្រីខ ២០ កំប៉ុង, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ឃីត ២សម្រាប់ និង ថវិកាចំនួន ៥០០,០០០ រៀល ។
ដោយឡែក អនុសាខាស្រុក ក៏ បានចូលបុណ្យ នូវ អង្ករ ៥០ គក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០កំប៉ុង និង បច្ច័យ ៤០០,០០០ រៀល ផងដែរ ។

វីដែអូ