ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
កិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត ដើម្បីត្រួតពិនិត្យ និងចាត់អាទិភាពគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឡើងវិញ
Wed,17 November 2021 (Time 10:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 173នាក់)

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដើម្បីត្រួតពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រោមអធិបតីភាព លោក អ៊ុក ថាអភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត តំណាងក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ ក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ត្រៃយ៍ក្រុមការងារ បានបញ្ជាក់ថា ផ្អែកតាមផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) របស់រដ្ឋបាលខេត្ត ដែលអនុម័តដោយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ត្រូវបន្តរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឱ្យទាន់ពេលវេលា ស្របតាមគោលការណ៍ណែនាំបច្ចេកទេស លិខិតបទដ្ឋានគត្តិយុត្ត មានសង្គតិភាពជាមួយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍មូលដ្ឋាន និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
លោកបានបន្ថែមទៀតថា ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការបំប្លែងខ្លឹមសារក្នុងផែនការអភិវឌ្ឍន៍ខេត្ត ទៅជាសកម្មភាព ឬសេវាជាក់ស្ដែង ដោយមានភ្ជាប់នូវចំណាយមូលនិធិពីប្រភពផ្សេងៗ សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍនៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំ និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
ដើម្បីឲ្យកិច្ចប្រជុំទទួលបានជោគជ័យនិងលទ្ធផលល្អប្រសើរ លោក អ៊ុក ថា អភិបាលរងខេត្ត បានជំរុញឲ្យសមាជិកសមាជិកា នៃកិច្ចប្រជុំទាំងមូល ត្រូវតែពិនិត្យ និងបំពេញបន្ថែមនូវគម្រោង សកម្មភាពដែលបានដាក់បង្ហាញជូននៅពេលនេះ មានដូចជាគម្រោងសកម្មភាពដែលកំពុងដំណើរការ គម្រោងសកម្មភាពដែលមានថវិកាគាំទ្រ ជាពិសេសគម្រោងសកម្មភាពជាអាទិភាពដែលមិនទាន់មានថវិកាគាំទ្រ ឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវតាមគោលដៅ ដែលបានកំណត់ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត ក្នុងន័យឆ្លើយនឹងតបតម្រូវការជាក់ស្តែងនៅមូលដ្ឋាន៕

វីដែអូ