ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
យុវជនអប​រំបន្សាបគ្រឿងញៀន នៅមណ្ឌលភ្នំបាក់ បានពុលអាហារ កើនដល់ជាង១៧០នាក់ ក្នុងនោះ​ស្លាប់១នាក់
Mon,02 December 2019 (Time 04:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1033នាក់)

ខេត្តបន្ទាយមានជ័យ​៖ករណីពុលអាហារ ​នៅមណ្ឌ​លភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ បណ្តាល​ឲ្យយុវជន​អប់រំ បន្សាប​គ្រឿងញៀន​១នាក់បាន​ស្លាប់ និងអ្នករងរបួសកំពុងសម្រាកព្យាបាលនៅ​មន្ទីពេទ្យបាន​កើនដល់ជាង១៧០នាក់ហើយ​គិត​តាំងពី​ព្រឹកដល់​ល្ងាច​ថ្ងៃទី១ ខែឆ្នូ​ ឆ្នាំ២០១៩។នេះបើយោង​តាមការអះអាងរបស់អាជ្ញាធរ និង​សមត្ថកិច្ច​បានចុះទៅដល់កន្លែងកើតហេតុនោះ។​

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ បានប្រាប់​អ្នកសារព័ត៌​មាន​ឲ្យដឹងថា យុវជន យុវនារី​ដែលទៅ​ទទួលការបន្សាបផ្តាច់​សារធាតុញៀន​នៅជិវិតថ្មីភ្នំ​បាក់ ដែលពុលផ្លែត្រ​សក់ និងអាហារនោះបានកើនពីចំនួន​៦០នាក់ ស្រី​១៣នាក់នៅពេលព្រឹក ដល់​ពេលល្ងាច​កើនដល់ជាង១៧០នាក់ ក្នុងចំណោមអ្នក​អប់រំបន្សាបជាង​៨០០នាក់ ត្រូវបានបញ្ជូនទៅពិ​និត្យ សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ក្រុងសេរីសោភ័ណ​ និងមន្ទីរពេទ្យខេត្តមិត្តភា​ពកម្ពុជា ជប៉ុន មង្គលបូរី​ខេត្តបន្ទាយមានជ័យ​ និងមួយចំនួនទៀត រក្សាទុកពិនិត្យ ព្យាបាលនៅក្នុងមណ្ឌលតែម្តង។

តាមមន្ត្រីប្រចាំកា​រមណ្ឌល​បន្សាបគ្រឿងញៀន​បានឲ្យដឹងថា យុវជន យុវនារីទទួល​បន្សាបសារធាតុ​ញៀន បាននាំគ្នាយកផ្លែត្រសក់ខ្ចីពីថង់ប្លាស្ទិច​មកហូបដូចសព្វមួយដង។ស្រាប់តែ​នៅថ្ងៃកើ​តហេតុ​នោះ​យុវជន យុវនារីទទួលបន្សាបសារធាតុញៀន​បានយកត្រសក់នាំចូលពី ប្រទេសវៀតណាម​ដែលម៉ូយ​បោះដុំបានដឹ​កចែកចាយ​ពីខេត្តបាត់ដំបង និងនៅផ្សារហ៊ុយ ឡេង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យជា អំណោយរបស់សប្បុរសជន ហើយយកមកផ្គត់ផ្គង់ដ​ល់មណ្ឌលជាប្រចាំ​សម្រាប់​ធ្វើម្ហូបឲ្យយុវជន យុវនារីហូបរាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃទី១ ខែវិច្ឆិកានោះ យុវជន យុវនារីហូប​បង្ក​ទៅជា​ពុលទៅវិញ។

លោកអ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ​បានចុះពិនិត្យនិងនៅ​ប្រចាំ​ដោះស្រា​យបញ្ហានេះ ហើយមានប្រសាសន៍ថា ស្ថានភាពជនរង​គ្រោះពុល​ចំណីអាហារ​នេះអាច​គ្រប់​គ្រង​បាន។​មកទ​ល់យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ បើតាមគ្រូពេទ្យ និងលោកហេង គឹមស៊ត អនុប្រធាន​មន្ទីរសុខាភិបាល​ខេត្តបន្ទាយមានជ័យបានប្រាប់សារព៍ត៌​មានថា ជនរងគ្រោះបានធូរ​ស្រាលបណ្តើរ​ហើយ អ្នកជម្ងឺមានអាការៈក្អួតចង្អោរ រាគរូស វិលមុខ ទន់សន្លាក់ដៃជើង ជាដើមហើយ​អ្នកសង្គ្រោះ​បានឲ្យខ្លឹមស ស្ករសនិងបន្តោងសេរ៉ូមបានធូស្បើយជាបណ្តើរៗផងដែរ៕

វីដែអូ